គ្រប់ភោជនីយដ្ឋានថ្មី ដែលដំណើការក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រមួយចំនួន។ លោកអ្នកអាចធ្វើការស្នើសុំអាជ្ញាបណ្ណ ឬវិញ្ញាបនប័ត្រទាំងនោះនៅ៖
– ចំពោះអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ដំណើការអាជីវកម្មភោជនីយដ្ឋាន លោកអ្នក អាចស្នើសុំបាន នៅក្រសួងទេសចរណ៍ ឬនៅតាមបណ្តាមន្ទីរទេសចរណ៍ខេត្តក្រុងដើម្បីជួយ និងផ្តល់ជាព័ត៌មានសម្រាប់ការស្នើសុំរបស់លោកអ្នក ឬលោកអ្នកអាចស្នើសុំបានតាមរយៈគេហទំព័រ http://cambodiatourismindustry.org/។
– ចំពោះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លោក អ្នកអាចធ្វើការសុំចុះវិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh ឬលោកអ្នកអាចអញ្ជើញទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្តក្រុង ដើម្បីជួយ និងផ្តល់ជាព័ត៌មានសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មរបស់លោកអ្នក។
– ចំពោះការចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ អាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា លោក អ្នកអាចធ្វើការសុំចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ(សាលាជាតិពន្ធដារ) ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ
– ចំពោះលិខិតអនុញ្ញាត(បើកទីតាំងអាជីវកម្ម) លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្តក្រុងដែលអាជីវកម្មលោកអ្នកស្ថិតនៅ
– ចំពោះ ចុះបញ្ជិការប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ ចុះទិដ្ឋាកាបទបញ្ជាផ្ទៃក្នុង លោក អ្នកអាចអញ្ជើញទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៍មាន(តាមរយៈប្រព័ន្ធonlineទទួលស្គាល់ដោយក្រសួងការងារ)។
– ចំពោះពន្ធលើស្លាកយីហោ លោក អ្នកអាចធ្វើការសុំចុះបញ្ជីបាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬការិយាល័យពន្ធដារ ស្រុក ខណ្ឌ
– ចំពោះលិខិតអនុញ្ញាតស្លាកយីហោ លោក អ្នកអាចអញ្ជើញទៅកាន់សាលារាជធានី ខេត្ត ក្រុង ដែលអាជីវកម្មលោកអ្នកស្ថិតនៅ